ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែធ្នូ ឆ្នាំ ២០២៣

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តតំណាងគណៈអភិបាលខេត្តឧត្តរមានជ័យ, ព្រមទាំងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជុំវិញខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតលើ (១) ការអនុវត្តថវិកាកម្មវិធី, (២)ការផ្ទេរមុខងារ ៥៥ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ, (៣)ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង (៤)ការអនុវត្តថវិកា និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង